ទូរសព្ទឆ្លាតកំពូល Android ជាច្រើនលើទីផ្សារ នាពេលបច្ចុប្បន្ននេះ គឺបានដំណើរការដោយឈីប Snapdragon 888 នេះឯង ហើយគិតមកទល់ពេលនេះ យើងឃើញថា Qualcomm ក៏បានប្រកាសចេញម៉ូឌែលមួយ ដែលត្រូវបានគេជំរុញកម្លាំងបន្ថែមពី Snapdragon 888 នេះរួចហើយដែរ នោះគឺ Snapdragon 888+។ យើងក៏ធ្លាប់ទទួលបានដំណឹងលេចឮមួយចំនួនដែរ ដែលនិយាយពីឈីបថ្មីជំនួសតំណែងរបស់ Snapdragon 888 ដោយកន្លងមកធ្លាប់មានការបញ្ជាក់ថា វាអាចនឹងមានឈ្មោះផ្លូវការថា Snapdragon 898 តែម្ដង។
មិនខុសទេក្នុងពេលនេះ យើងទទួលបានព័ត៌មានបន្ថែមទៀតទាក់ទងនឹង Snapdragon 898 ពោលគឺ មានដំណឹងលេចធ្លាយចេញពីប្រទេសចិនមកថា ឈីប Snapdragon SM8450 (ឈ្មោះកូដម៉ូឌែល) ត្រូវបានគេធ្វើតេស្តសាកកម្លាំងដំណាក់កាលដំបូងរួចរាល់ហើយ ដោយលទ្ធផលនៃការតេស្តនោះ បញ្ជាក់ថា វាមានកម្លាំងប្រសើរជាងជំនាន់មុនខ្ទង់ 20% ផងដែរ។ សម្រាប់ការបញ្ជាក់ថា ប្រសើរជាងមុន 20% នេះដែរ គឺគេចង់សំដៅប្រៀបធៀបជាមួយនឹងឈីប Snapdragon 888 ឬ Snapdragon 888+ បច្ចុប្បន្ននេះតែម្ដង។
បញ្ហាសំខាន់មួយ ដែលត្រូវបានគេរាយការណ៍ជាច្រើនទាក់ទងនឹង Snapdragon 888 សព្វថ្ងៃនេះនោះគឺថា វាមានការកើនឡើងកម្តៅខ្ពស់គួរឲ្យកត់សម្គាល់ ហើយនេះជាចំណុចមួយ ដែលបង្ករឲ្យមានសំណូមពរជាច្រើនទៅកាន់ Qualcomm ដើម្បីឲ្យគេជៀសវាងបញ្ហានេះ នៅលើឈីបកំពូលជំនាន់ក្រោយ។
បើតាមប្រភពដែលបង្ហាញមក បើទោះជា Snapdragon 898 តេស្តដំណាក់កាលដំបូងនោះ ខ្លាំងជាងមុនពិតមែន ប៉ុន្តែវានៅតែមានកម្តៅខ្ពស់ដដែល។ យ៉ាងណាក៏ដោយ មិនមានការបញ្ជាក់បន្ថែមពីចំណុចសំខាន់លម្អិតរបស់ឈីបថ្មីខាងលើឡើយ ប៉ុន្តែកន្លងមកធ្លាប់មានដំណឹងថា វាអាចនឹងត្រូវបានផលិតឡើងដោយផ្អែកលើស្ថាបត្យកម្ម 4nm របស់ Samsung ទៀតផង។ សម្រាប់បញ្ហាកម្តៅ យើងមិនទាន់អាចនិយាយបានទេ បើទោះជាមានការបង្ហាញដូចខាងលើក៏ដោយ ព្រោះថានោះជាឈីបតេស្តសាកល្បងប៉ុណ្ណោះ ដូច្នេះប្រាកដណាស់ថា នឹងមានការកែប្រែឲ្យប្រសើរ មុនពេល Qualcomm ប្រកាសចេញផ្លូវការ។
ប្រភព ៖ GSMArena







