MediaTek នឹងបញ្ចេញឈីប 5G ទំហំ 4nm ដំបូងគេនៅចុងឆ្នាំ 2021

 ក្រុមហ៊ុនផលិតបន្ទះឈីបស្មាតហ្វូន MediaTek ត្រូវបានគេរាយការណ៍ថា នឹងក្លាយជាក្រុមហ៊ុនផលិតឈីបដំបូងគេដែលផលិតចេញនូវបន្ទះឈីបប្រើស្តង់ដារថ្មីខ្នាត 4nm Processor ដោយសង្វាក់ផលិតកម្មបន្ទះឈីបប្រើស្តង់ដារថ្មី 4nm របស់ក្រុមហ៊ុននេះត្រូវបានគេដឹងថាអាចនឹងចាប់ផ្តើមនៅត្រីមាសទី 4 ក្នុងឆ្នាំ 2021 ឬនៅដើមឆ្នាំ 2022។ យ៉ាងណាមិញបើតាមប្រភពបានបញ្ជាក់ថាក្រុមហ៊ុន OEMs ដែលជាដៃគូរបស់ MedaiTek គឺបានធ្វើការបញ្ជាទិញ រួចរាល់ហើយសម្រាប់បន្ទះឈីបកំពូលជំនាន់ថ្មីនេះ។

ប្រភពក៏បានបញ្ជាក់ច្បាស់ថាក្រុមហ៊ុនដែលបានធ្វើការបញ្ជាក់ទិញបន្ទះឈីប MediaTek 4nm Processor គឺមានដូចជា Xiaomi, OPPO,vivo រួមនឹង Samsung ផងដែរ។ យ៉ាងណាមិញសម្រាប់តម្លៃរបស់បន្ទះឈីបប្រើស្តង់ដារថ្មី 4mn របស់ MediaTek ត្រូវបានគេព្យាករណ៍ថា នឹងមានតម្លៃថ្លៃដល់ $80 ក្នុងមួយបន្ទះ ដែលតម្លៃនេះគឺខ្ពស់ជាងជាងពាក់កណ្តាលបើធៀបនឹងបន្ទះឈីបកំពូលដែលផលិតតាមស្តង់ដារ 5nm Processor របស់ក្រុមហ៊ុន TSMC ដែលមានតម្លៃចន្លោះពី $30 ទៅ $35 ប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មានមួយចេញពីប្រទេសចិនបាននិយាយថាបន្ទះឈីប 4nm របស់ MedaiTek នឹងក្លាយជាបន្ទះឈីបដែលមានការប្រគូតប្រជែងខ្ពស់ជាមួយនឹងបន្ទះឈីប Snapdragon 800-Series របស់ Qualcomm ដែលកំពុងមានវត្តមានប្រើនៅលើទូរស័ព្ទស្មាតហ្វូននាពេលបច្ចុប្បន្ន ហើយប្រភពក៏បានបញ្ជាក់ទៀតថាបន្ទះឈីប MediaTek 4nm Processor នឹងប្រើប្រាស់ថាមពលថ្មកាន់តែតិចជាងថែមទៀតផង។

ជារួមមកវិញយើងមិនទាន់ទទួលបានព័ត៌មានណាមួយដែលនិយាយទាក់ទង់នឹងគុណសម្បត្តិនៃបន្ទះឈីប MediaTek 4nm នោះទេ ដូច្នេះ មានតែទន្ទឹងរងចាំតាមដានជាបន្តទៀតទម្រាំដល់ MediaTek បានប្រកាសចេញបន្ទះឈីបកំពូលជំនាន់ថ្មីប្រើស្តង់ដារផលិតថ្មីនេះជាផ្លូវការណ៍តែប៉ុណ្ណោះ៕


ប្រភព៖​eworldmagz