អស់រយះពេលមួយសប្តាហ៍មកហើយដែលក្រុមហ៊ុន OPPO បានប្រកាសចេញលក់ទូរស័ព្ទ 5G ធន់កណ្តាលជំនាន់ថ្មីម៉ូដែល Reno 5Z 5G នៅទីផ្សារសិង្ហបុរី ហើយពេលនេះក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយនេះក៏បាននាំយកម៉ូដែលថ្មីនេះទៅប្រកាសចេញលក់នៅទីផ្សារប៉ែកអឺរ៉ុបបន្ថែមទៀត ប៉ុន្តែស្ថិតក្រោមស្លាកឈ្មោះថ្មីថា OPPO A94 5G។ យ៉ាងណាមិញ OPPO គ្រាន់តែប្តូរឈ្មោះថ្មីអោយទូរស័ព្ទស៊េរីថ្មីនេះប៉ុណ្ណោះ ហើយចំពោះគុណសម្បត្តិ និងលក្ខណៈសម្បត្តិទូទៅរបស់វាគឺដូចគ្នាដដែល។
OPPO Reno 5 Z 5G ឬ OPPO A94 5G ត្រូវបានក្រុមហ៊ុនបំពាក់នូវបន្ទះឈីប 5G របស់ MediaTek ស៊េរី Dimensity 800U ភ្ជាប់ដោយរ៉េមទំហំ 8GB និងមានអង្គម៉េមូរីក្នុងម៉ាស៊ីនស្រាប់ទំហំ 128GB។ OPPO A94 5G ត្រូវបានក្រុមហ៊ុនបំពាក់នូវបន្ទះអេក្រង់ទំហំ 6.43 អ៊ីញជាប្រភេទបន្ទះបង្ហាញ Super AMOLED កម្រិត Full-HD+ ទ្រទ្រង់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរក្រោមអេក្រង់ និងមានលែនកាមេរ៉ាសែលហ្វីទំលុះអេក្រង់មួយគ្រាប់ទំហំ 16MP ស្ថិតនៅជិតកែងខាងឆ្វេង។
OPPO A94 5G បានថ្មទំហំ 4,310mAh និងទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងអោយថ្មល្បឿនលឿនកំលាំង 30W តាមរយះរន្ធចម្លង USB-C។ ទូរស័ព្ទឆ្លាតវៃជំនាន់ថ្មីនេះប្រតិបត្តិការជាមួយ ColorOS 11.1 ដែលទ្រទ្រង់ដោយ Android 11 ចេញពីប្រអប់។
ទៅលើប្រព័ន្ធកាមេរ៉ាខាងក្រោយវិញ OPPO A94 5G ទទួលបានការឌីស្សាញកញ្ចប់លែនថ្មីស្អាតស៊ីវីល័យជាងជំនាន់មុន ហើយក្នុងនោះ OPPO បានប្រើប្រាស់លែនចំនួន 4 គ្រាប់ផងដែររួមមានលែនគោលមានសែនស័រទំហំ 48MP ជាមួយលែន Ultra-wide មានសែនស័រទំហំ 8MP និងពីរគ្រាប់ទៀតប្រើសែនស័រទំហំ 2MP ដូចគ្នាដែលជា Macro និង Depth Sensor Lens។
OPPO A94 5G នឹងមានចេញដាក់លក់ផ្លូវការណ៍នៅទីផ្សារអឺរ៉ុបចាប់ពីថ្ងៃទី 03 ខែ ឧសភា, ឆ្នាំ 2021 ខាងមុខនេះ ដែលនឹងមានតម្លៃខ្ទង់ប្រហែល $430 និងមានជម្រើសពីរពណ៌គឺខ្មៅហៅថា Fluid Black ជាមួយពណ៌ខៀវហៅថា Cosmo Blue៕
ប្រភព៖ eworldmagz






