Samsung Galaxy S22 ត្រូវបានគេរំពឹងថា អាចនឹងមិនមានប្រើប្រាស់សេនស័រ 3D TOF SENSOR នោះទេ

 នៅពេលដែលក្រុមហ៊ុន Samsung ប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Galaxy S21 series របស់ខ្លួននៅក្នុងខែមករាកន្លងទៅ គឺមានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា ក្រុមហ៊ុននេះ នឹងដកចេញនូវសេនស័រ 3D ToF sensor ចេញពីស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនហើយ។ កន្លងមក សេនស័រនេះ គឺបានប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10 5G និង Galaxy S20 Ultra រួចទៅហើយ។ បញ្ហាជាច្រើន ដែលកើតឡើងនោះ គឺទៅលើ Auto-Focus ហើយក្រុមហ៊ុន Samsung ក៏សម្រេចចិត្តក្នុងការកែលម្អរទៅលើប្រព័ន្ធ auto-focus របស់ខ្លួនឡើងវិញ។

បន្ថែមពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏បានសម្រេចបោះបង់ចោលនូវសេនស័រ 3D ToF sensor ជាមួយនឹងការបំពាក់នូវប្រព័ន្ធ  Laser Auto Focus system ធម្មតានៅលើស្មាតហ្វូន  Galaxy Note20 Ultra ផងដែរ។ សម្រាប់ស្មាតហ្វូន Galaxy S21 Series ក៏មិនមានសេនស័រនេះទេ ហើយស្មាតហ្វូន Galaxy S22 ក៏អាចនឹងមិនមានដូចគ្នាដែរ។ តាមការបញ្ជាក់ចេញពីប្រភពខាងក្នុងនោះ ក្រុមហ៊ុន Samsung នឹងនាំយកនូវ ToF sensor ត្រឡប់មកវិញផងដែរ បន្ទាប់ពីក្រុមហ៊ុន Apple ប្រើប្រាស់វានៅលើស្មាតហ្វូន iPhone 12 Pro នោះ។ 

ប៉ុន្តែបន្ទាប់ពីពិចារណា និងឆែកមើលទៅលើ Feedback របស់អុ្នកប្រើប្រាស់នោះ ក្រុមហ៊ុននេះ ក៏បានសម្រេចចិត្តក្នុងការប្រើប្រាស់នូវប្រព័ន្ធ Laser Auto-Focus system វិញ។ ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Galaxy S22 Ultra នោះ ក្រុមហ៊ុននេះ នឹងប្រើប្រាស់នូវសេនស័រ  Laser AF ប៉ុន្តែវាក៏មានការពង្រឹងទៅលើផ្នែកផ្សេងទៀតផងដែរ។ ការផ្លាស់ប្តូរនេះនឹងប៉ះពាល់ដល់ទៅក្រុមហ៊ុន Samsung LSI ដែលធ្វើការប្រកាសបង្ហាញនូវវត្តមានរបស់សេនស័រ ToF sensor និង Vizion 33D ។ 

នៅពេលនេះ ក្រុមហ៊ុន Samsung LSI នឹងផ្តោតទៅលើក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិនផងដែរ។ ក្រុមហ៊ុន Sony គឺជាក្រុមហ៊ុននាំមុខគេទៅលើសេនស័រសម្រាប់ស្មាតហ្វូន iPhones និង iPads របស់ក្រុមហ៊ុន Apple ។ ស្មាតហ្វូន Samsung Galaxy S22 ដែលមាន Vizion 33D ពិតជាដំណោះស្រាយមួយដែលអាចបង្កើននៃការនាំចេញរបស់ក្រុមហ៊ុន Samsung ផងដែរ៕