OPPO Reno6 Series ចេញផ្លូវការនៅពេលឆាប់ៗនេះ ដោយប្រើកម្លាំងសាកថ្មល្បឿនលឿនកម្លាំង 65W

បន្ទាប់ពីទទួលបានជោគជ័យទៅលើ OPPO Reno5 Series រួចមក កាលពីយប់មិញនេះ តាមរយៈព្រឹត្តិការណ៍ពិសេសមួយធ្វើឡើងនៅក្នុងប្រទេសចិន OPPO បានប្រកាសចេញទូរសព្ទឆ្លាតជំនាន់ថ្មី OPPO Reno6 Series ជាផ្លូវការ ហើយពួកមានឈ្មោះហៅថា Reno6, Reno6 Pro និង Reno6 Pro+។ អញ្ចឹងកុំឲ្យខាតពេលយូរ យើងនាំគ្នាទៅស្វែងយល់ពីលក្ខណៈសម្បត្តិ Hardware របស់ទូរសព្ទឆ្លាតជំនាន់ថ្មីទាំង 3 ម៉ូឌែលនេះទាំងអស់គ្នា។

ចាប់ផ្តើមពីម៉ូឌែលខ្ពស់ជាងគេទៅមុន ដោយ OPPO Reno6 Pro+ ប្រើប្រាស់បន្ទះឈីប Snapdragon 870 គួបផ្សំជាមួយជម្រើស RAM ទំហំ 8/12GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256GB ផងដែរ។ ចំពោះផ្នែកខាងមុខ Reno6 Pro+ បំពាក់មកជាមួយអេក្រង់ទំហំ 6.55 អ៊ីញ ប្រភេទ OLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ គាំទ្រ Refresh Rate 90Hz និង HDR10+ ជាមួយកម្រិតពន្លឺឡើងខ្ពស់បំផុត 1,100 nits ក៏ដូចជាបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃបង្កប់នៅក្រោមអេក្រង់ផងដែរ។ ទៅលើផ្នែកកាមេរ៉ា Reno6 Pro+ ភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 32MP និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយក្នុងនោះមួយគ្រាប់ជាលេនគោលទំហំ 50MP (IMX766), មួយគ្រាប់ជាលេនទូលាយ (Ultra-wide) ទំហំ 16MP, មួយគ្រាប់ទៀតជាលេនពង្រីក (Telephoto) ទំហំ 13MP និងមួយគ្រាប់ចុងក្រោយជាលេន Macro ទំហំ 2MP។ ដើម្បីអាចឲ្យម៉ាស៊ីន Reno6 Pro+ ដំណើរការទៅបាននោះ វាបានភ្ជាប់មកជាមួយថាមពលថ្មទំហំ 4,500mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន SuperVOOC 2.0 កម្លាំង 65W ផងដែរ។ សម្រាប់ទីផ្សារប្រទេសចិន OPPO Reno6 Pro+ ត្រូវបានដាក់លក់នៅក្នុងតម្លៃចាប់ពីខ្ទង់ ២ លាន ៥០ ម៉ឺនរៀល (627 ដុល្លារ) ឡើងទៅ សម្រាប់ RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB។

ចូលមកដល់ Reno6 Pro វិញម្តង ដោយវាបំពាក់មកជាមួយលក្ខណៈសម្បត្តិអេក្រង់ស្រដៀងគ្នាទៅនឹង Reno6 Pro+ អញ្ចឹងដែរ។ ដូច្នេះមានន័យថា អ្នកនឹងទទួលបានអេក្រង់ទំហំ 6.55 អ៊ីញ ប្រភេទ OLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ គាំទ្រ Refresh Rate 90Hz និង HDR10+ ក៏ដូចជាបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃបង្កប់នៅក្រោមអេក្រង់ផងដែរ។ ទៅលើផ្នែកកាមេរ៉ា Reno6 Pro ភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 32MP និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយក្នុងនោះមួយគ្រាប់ជាលេនគោលទំហំ 64MP, មួយគ្រាប់ជាលេនទូលាយ (Ultra-wide) ទំហំ 8MP, មួយគ្រាប់ទៀតជាលេន Macro ទំហំ 2MP និងមួយគ្រាប់ចុងក្រោយជាលេន Depth ទំហំ 2MP។ សម្រាប់កម្លាំងម៉ាស៊ីនវិញ Reno6 Pro ប្រាស់បន្ទះឈីប MediaTek Dimensity 1200 គួបផ្សំជាមួយជម្រើស RAM ទំហំ 8/12GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256GB ផងដែរ។ ចំពោះថាមពលវិញ Reno6 Pro បានភ្ជាប់មកជាមួយថាមពលថ្មទំហំ 4,500mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន SuperVOOC 2.0 កម្លាំង 65W ផងដែរ។ វាត្រូវបានដាក់លក់នៅក្នុងតម្លៃចាប់ពីខ្ទង់ ២ លាន ១៩ ម៉ឺនរៀល (548 ដុល្លារ) ឡើងទៅ សម្រាប់ RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB។

ចុងក្រោយគេជា Reno6 ដោយវាបំពាក់មកជាមួយអេក្រង់ទំហំ 6.4 អ៊ីញ ប្រភេទ OLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ អាចគាំទ្រ Refresh Rate 90Hz និងបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃបង្កប់នៅក្រោមអេក្រង់ផងដែរ។ ទៅលើផ្នែកកាមេរ៉ា Reno6 ភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 32MP និងកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយក្នុងនោះមួយគ្រាប់ជាលេនគោលទំហំ 64MP, មួយគ្រាប់ទៀតជាលេនទូលាយ (Ultra-wide) ទំហំ 8MP, និងមួយគ្រាប់ចុងក្រោយជាលេន Macro ទំហំ 2MP។ សម្រាប់កម្លាំងម៉ាស៊ីន Reno6 ប្រាស់បន្ទះឈីប MediaTek Dimensity 900 គួបផ្សំជាមួយជម្រើស RAM ទំហំ 8/12GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256GB ផងដែរ។ ចំពោះថាមពលវិញ Reno6 បានភ្ជាប់មកជាមួយថាមពលថ្មទំហំ 4,300mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន SuperVOOC 2.0 កម្លាំង 65W ផងដែរ។ សម្រាប់ទីផ្សារប្រទេសចិន Reno6 ត្រូវបានដាក់លក់នៅក្នុងតម្លៃចាប់ពីខ្ទង់ ១ លាន ៧៥ ម៉ឺនរៀល (439 ដុល្លារ) ឡើងទៅ សម្រាប់ RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB។