អង់គ្លេសចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងទីបីឈ្មោះ Moderna

 ប្រទេសអង់គ្លេសបានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង Moderna នៅថ្ងៃអង្គារនេះ ហើយនឹងត្រូវប្រើនៅទីតាំងជាង ២០ កន្លែងនៅសប្តាហ៍នេះ ខណៈវាជាវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទី ៣ ដែលត្រូវប្រើក្នុងយុទ្ធនាការចាក់នៅចក្រភពអង់គ្លេស ។​ 

មន្ត្រីសេវាសុខភាពជាតិ (NHS) បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង Moderna នៅប្រទេសវែលស៍កាលពីសប្តាហ៍មុន ហើយបាននិយាយថាវានឹងត្រូវបានដាក់ពង្រាយនៅទូទាំងចក្រភពអង់គ្លេសនៅប៉ុន្មានថ្ងៃខាងមុខនេះ ។


ទន្ទឹមនោះសេវាសុខភាពជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទីតាំងជាង ២០ កន្លែងរួមមានទាំងកីឡដ្ឋាន Madejski ក្នុងទីក្រុង Reading និងកីឡដ្ឋាន Sheffield Arena នឹងចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងថ្មីបំផុតនេះ នៅពេល NHS បន្តពង្រីកយុទ្ធនាការចាក់វ៉ាក់សាំង” ។

គួររំឭកថា វ៉ាក់សាំងពីរផ្សេងទៀតដែលអង់គ្លេសកំពុងបើកយុទ្ធនាការចាក់រួមមានវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ត្រូវបានអនុម័តប្រើប្រាស់កាលពីដើមខែធ្នូ និងវ៉ាក់សាំងមួយទៀតរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតក្នុងប្រទេសរបស់ខ្លួនរួមជាមួយសាកលវិទ្យាល័យ Oxford ត្រូវបានអនុម័តប្រើប្រាស់កាលពីចុងខែធ្នូ ៕

ប្រភព ៖ REUTERS